ប្រកាសលេខ ១១៧ ព.ណ.ចបព.ប្រក ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការធ្វើសាមញ្ញកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្ម របស់ក្រសួងពាណិជ្ជកម្ម
ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ – រាជធានីភ្នំពេញ – ព្រះរាជាណាចក្រកម្ពុជា
កន្លងមក ការចុះបញ្ជីពាណិជ្ជកម្មមានភាពស្មុគស្មាញ និងមានការចំណាយពេលយូរដោយសារកង្វះប្រព័ន្ធឌីជីថលរួម
មួយ។ បើទោះបីជាមានការបង្កើតប្រព័ន្ធ www.registrationservices.gov.kh ក៏ដោយ ក៏តម្រូវការឯកសារមួយចំនួននៅមានភាពស្រពិចស្រពិល និងរាយប៉ាយតាមបទដ្ឋានគតិយុត្តផ្សេងៗគ្នា។ ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងពាណិជ្ជកម្មបានចេញ ប្រកាសស្តីពីការធ្វើសាមញ្ញកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្ម ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ ក្នុងគោលបំណងកាត់បន្ថយនីតិវិធី និងផ្តល់ភាពច្បាស់លាស់ដល់ពាណិជ្ជករ។
១. ការកែប្រែចំពោះការចុះបញ្ជីពាណិជ្ជកម្ម
- ការបញ្ជាក់លើឯកសារ៖ ពីមុនការបញ្ជាក់លើឯកសារម្ចាស់ភាគហ៊ុនជានីតិបុគ្គលមានភាពស្រពិចស្រពិលប៉ុន្តែជាទូទៅអ្នកដែលក្រសួងទទួលស្គាល់ក្នុងការបញ្ជាក់ឯកសាររបស់នីតិបុគ្គលភាគច្រើនជាសារការី ប៉ុន្តែប្រកាសថ្មីបានផ្តល់ជម្រើសច្រើនដូចជា បានបើកឱ្យមានការបញ្ជាក់ដោយសារការីកម្ពុជា ឬស្ថានទូត ឬស្ថានកុងស៊ុល ឬសភាពាណិជ្ជកម្មដែលទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម។
- ការកាត់បន្ថយឯកសារ៖ ពាក្យសុំមួយចំនួនត្រូវបានលុបចោល និងជំនួសមកវិញនូវទម្រង់ឌីជីថលដែលងាយស្រួលជាងមុន។
- ការពិនិត្យសាវតារ៖ ជំនួសឱ្យការបំពេញ "លិខិតប្រកាសដោយសុទ្ធចិត្ត" ជាក្រដាសស្នាម ក្រសួងពាណិជ្ជកម្មប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីពិនិត្យសាវតារបុគ្គលផ្ទាល់ ដើម្បីបង្ការការលាងសម្អាតប្រាក់។
២. ឯកសារតម្រូវទៅតាមប្រភេទក្រុមហ៊ុន
ក្រុមហ៊ុន (ឯកជនទទួលខុសត្រូវមានកម្រិត/មហាជនទទួលខុសត្រូវមានកម្រិត) ឯកសារតម្រូវមានដូចជា៖
- ឯកសារបញ្ជាក់អាសយដ្ឋាន (បណ្ណកម្មសិទ្ធិ កិច្ចសន្យាជួលទីតាំង កិច្ចសន្យាលក់ទិញ...)
- លក្ខន្តិកៈក្រុមហ៊ុន,
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់ម្ចាស់ភាគហ៊ុន អភិបាល ឬអ្នកតំណាងនីតិបុគ្គល,
- រូបថត ៤x៦ ផ្ទៃស មិនលើសពីរយៈពេល ៣(បី)ខែ។
ក្រុមហ៊ុនសហកម្មសិទ្ធិ (ទូទៅ/ទទួលខុសត្រូវមានកម្រិត) ឯកសារតម្រូវមានដូចជា៖
- ឯកសារបញ្ជាក់អាសយដ្ឋាន
- កិច្ចសន្យាបង្កើតក្រុមហ៊ុនសហកម្មសិទ្ធិ
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់សហកម្មសិទ្ធិករ និងអ្នកគ្រប់គ្រង
- រូបថត ៤x៦ ផ្ទៃស មិនលើសពីរយៈពេល ៣(បី)ខែ។
សហគ្រាសឯកបុគ្គល ឯកសារតម្រូវមានដូចជា៖
- ឯកសារបញ្ជាក់អាសយដ្ឋាន
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់សហកម្មសិទ្ធិករ និងអ្នកគ្រប់គ្រង
- រូបថត ៤x៦ ផ្ទៃស មិនលើសពីរយៈពេល ៣(បី)ខែ។
ក្រុមហ៊ុនពាណិជ្ជកម្មបរទេស (សាខា ឬការិយាល័យតំណាងនីតិបុគ្គល) ឯកសារតម្រូវមានដូចជា៖
- ឯកសារបញ្ជាក់អាសយដ្ឋាន
- ច្បាប់ចម្លងឯកសារចុះបញ្ជីដែលមានបញ្ជាក់ពីស្ថាប័នណាមួយដែលបានរៀបរាប់ខាងលើ
- លិខិតប្រគល់សិទ្ធិ ឬសេចក្តីសម្រេចម្ចាស់ហ៊ុនក្នុងការបង្កើតក្រុមហ៊ុនពាណិជ្ជកម្មបរទេស
- លិខិតតែងតាំងអ្នកតំណាងស្របច្បាប់
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់អ្នកតំណាង
- រូបថត ៤x៦ ផ្ទៃស មិនលើសពីរយៈពេល ៣(បី)ខែ។
កំណត់ចំណាំ៖ ករណីម្ចាស់ភាគហ៊ុនជានីតិបុគ្គលនៅក្នុង ក្រុមហ៊ុនមូលធន និងក្រុមហ៊ុនសហកម្មសិទ្ធិ ត្រូវមាន ឯកសារច្បាប់ចម្លងឯកសារគតិយុត្តនៃការចុះបញ្ជីពាណិជ្ជកម្ម ដែលមានបញ្ជាក់ភាពត្រឹមត្រូវពីស្ថាប័នដែលបានរាប់ខាងលើ។ ចំពោះម្ចាស់ហ៊ុន និងអភិបាល នៃក្រុមហ៊ុននិងសហគ្រាស ក្រសួងពាណិជ្ជកម្មនឹងធ្វើការពិនិត្យសាវតារបុគ្គលនោះ ដើម្បីធានាការប្រឆាំងលាងសម្អាតប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ជំនួសឱ្យការធ្វើលិខិតប្រកាសដោយលិខិតដោយសុទ្ធចិត្តជាក្រដាសស្នាម។
៣. ការបង្ហាញពីលំហូរនីតិវិធីនៃការចុះបញ្ជីពាណិជ្ជកម្ម
- ការដាក់ពាក្យ៖ បំពេញព័ត៌មាន និងភ្ជាប់ឯកសារតម្រូវតាមរយៈប្រព័ន្ធ CamDX (Single Portal)។
- ការបង់ប្រាក់៖ បង់កម្រៃសេវារួមតាមប្រព័ន្ធធនាគារអនឡាញ។
- ការពិនិត្យស្វ័យប្រវត្តិ៖ ប្រព័ន្ធនឹងផ្ទៀងផ្ទាត់ឯកសារជាបឋម និងបញ្ជូនទៅថ្នាក់ដឹកនាំពិនិត្យអនុម័ត។
- ការចេញវិញ្ញាបនបត្រ៖ វិញ្ញាបនបត្រឌីជីថលនឹងត្រូវផ្ញើជូនអ្នកស្នើសុំតាមប្រព័ន្ធអនឡាញ។
- ការបញ្ជូនបន្ត៖ ទិន្នន័យនឹងត្រូវបញ្ជូនដោយស្វ័យប្រវត្តិទៅកាន់ អគ្គនាយកដ្ឋានពន្ធដារ និង ក្រសួងការងារ ដើម្បីបន្ត។