ការឆបោកតាមប្រព័ន្ធបចេ្ចកវិទ្យា (ភាគទី១)
រាជរដ្ឋាភិបាលបានសម្លឹងឃើញពីសន្ទុះនៃឧក្រិដ្ឋកម្មឆ្លងដែន ដែលបានមានវត្តមាននៅកម្ពុជាជាបណ្តាញ និងមានភាពស្មុគស្មាញខ្លាំង បង្ករផលប៉ះពាល់យ៉ាងច្រើនមកលើកម្ពុជា។ ឆ្លើយតបទៅនឹងបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ រាជរដ្ឋាភិបាលបានចេញ (ក) បទបញ្ជាលេខ ០១ បប ស្ដីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ (ខ) អនុក្រឹត្យ លេខ០៣ អនក្រ ប.ក ស្ដីអំពី ការគ្របប់គ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ចុះថ្ងៃទី ០៥ មករា ឆ្នាំ២០២៦ (គ) ប្រកាសអន្តរក្រសួង លេខ១៦១ សហវ.ប្រក.អទច ស្ដីពីបែបបទ និងនីតិវិធីនៃការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ និង (ឃ)នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជាបានចេញនូវព្រះរាជក្រមលេខ៖ នស/រកម/០៤២៦/០០៦ ប្រកាសឱ្យប្រើប្រាស់ ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងគោលបំណងកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌទាក់ទងនឹងការប្រយុទ្ធប្រឆាំង និងការឆបោកតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងប្រសិទ្ធភាពនៃការប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ ច្បាប់នេះ នឹងជាប្រធានបទសំខាន់ដែលយើងនឹងលើកយកមកជជែក នៅក្នុងព្រឹត្តិបត្រគតិយុត្តក្នុងភាគទី១នេះ។
ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មានវិសាលភាពលើការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីប្រព្រឹត្តបទល្មើស។ មិនតែប៉ុណ្ណោះ ច្បាប់នេះ មានវិសាលភាពក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ប្រសិនបើ៖ ១. ជនល្មើសជាជនជាតិខ្មែរ ២. ជនរងគ្រោះជាជនជាតិខ្មែរ ៣. ទ្រព្យសម្បត្តិ ឬផលនៃបទល្មើស បានផ្ទេរចេញ ឬចូលក្នុងព្រះរាជាណាចក្រកម្ពុជា និង ៤. តាមរយៈប្រព័ន្ធធនាគារ ឬប្រព័ន្ធហិរញ្ញវត្ថុរបស់ព្រះរាជាណាចក្រកម្ពុជា។
ដូចនេះ យើងខ្ញុំនឹងធ្វើការបកស្រាយនូវច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយនឹងពិភាក្សា និងលើកយកចំណុចសំខាន់ៗរួមមាន៖ ១. និយមន័យ ២. សកម្មភាពនៃបទល្មើស និង ៣. អាជ្ញាធរមានសមត្ថកិច្ច មកជម្រាបជូនដូចតទៅនេះ៖
១. និយមន័យ
យោងទៅតាម ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៩ បានឱ្យនិយមន័យនៃការឆបោក ថា៖
«គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយ ដោយប្រើឈ្មោះក្លែង ដោយអះអាងទៅលើឋានៈក្លែង ដោយរំលោភលើឋានៈពិតប្រាកដ ឬដោយប្រើឧបាយកលទុច្ចរិត ហើយដូច្នេះបានទទួលពីបុគ្គលនេះ ដែលនាំឱ្យខូចប្រយោជន៍របស់បុគ្គលនេះ ឬរបស់តតិយជននូវ៖
១-ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ។
២-ការផ្គត់ផ្គង់សេវា។
៣-ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឱ្យរួចពីកាតព្វកិច្ច។»[1]
ក្នុងន័យសាមញ្ញថា ជាអំពើទាំងឡាយណាដែលជនឆបោក ប្រើប្រាស់ល្បិចកល ការក្លែងបន្លំ ឬការបោកបញ្ឆោត ដើម្បីធ្វើឱ្យជនរងគ្រោះណាម្នាក់ជឿទុកចិត្ត ហើយជាលទ្ធផលបណ្តាលឱ្យខាតបង់ប្រាក់កាស ទ្រព្យសម្បត្តិ ទិន្នន័យ ឬអត្ថប្រយោជន៍ផ្សេងៗរបស់ជនរងគ្រោះ ឬតតិយជន (ជនទីបី)។
ចំណែកការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា វិញ ជាការឆបោក ដែលជនល្មើសបានវិវត្តពីការឆបោកដោយផ្ទាល់ ទៅជាការប្រើប្រាស់មធ្យោបាយឆបោកតាមរយៈឧបករណ៍អេឡិចត្រូនិចដូចជា ទូរស័ព្ទ កុំព្យូទ័រ ឬឧបករណ៍អេឡិចត្រូនិចនានា ធ្វើឡើងក្នុងរូបភាពជាច្រើនដូចជា ក្លែងបន្លំសម្លេង រូបភាព អត្តសញ្ញាណ ឬឯកសារនានា ដែលអាចបណ្តាលឱ្យមានផលប៉ះពាល់ដល់ជនរងគ្រោះទាំងថវិកា កិត្តិយស ហើយអាចប៉ះពាល់ដល់អ្នកដទៃទៀត ។
២. សកម្មភាពនៃបទល្មើស
បទល្មើសឆបោកតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ឬប្រើប្រាស់បច្ចេកវិទ្យាតាមច្បាប់នេះ ត្រូវបានផ្តន្ទាទោស ប្រសិនបើអំពើ ឬសកម្មភាពនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាំងនោះមានចែងដូចខាងក្រោម៖
ក. ការបន្លំ ដោយទាមទារលុយកាក់ ទ្រព្យសម្បត្តិ សេវា ឬកាតព្វកិច្ច (មាត្រា ៥)
ខ. ការផ្តល់ទីកន្លែងដល់ជនល្មើស (មាត្រា ៦)
គ. ការណែនាំឱ្យប្រព្រឹត្តបទល្មើស (មាត្រា ៧)
ឃ. ការយកឯកសារសម្គាល់អត្តសញ្ញាណបុគ្គលណាមួយដោយទុច្ចរិត (មាត្រា ៨)
ង. ការសម្អាតប្រាក់ ឬលាងលុយ (មាត្រា ៩)
ច. ការចូលរួមជាសហចារី (ប្រព្រឹត្តជាមួយចារី ឬជនល្មើស) អ្នកផ្តើមគំនិត ឬអ្នកសមគំនិត
ឆ. ការប៉ុនប៉ងប្រព្រឹត្ត (មាត្រា ១២)។
៣. អាជ្ញាធរមានសមត្ថកិច្ច
ច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាត្រា៣ ចែងថា បុគ្គលដែលមានសមត្ថកិច្ចលើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺ មន្ត្រីនគរបាលយុត្តិធម៌ ជាអាជ្ញាធរមានសមត្ថកិច្ចដែលច្បាប់បានកំណត់។
មន្ត្រីនគរបាលយុត្តិធម៌ ឬមន្ត្រីរាជការ ត្រូវទទួលបាននីតិសម្បទាដើម្បីពិនិត្យ ស៊ើបអង្កេត និងស្រាវជ្រាវបទល្មើសឆបោកនេះ។ ការផ្តល់នីតិសម្បទានេះ ត្រូវបានប្រកាសដោយក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា។ ចំណែកឯនីតិវិធីក្នុងការបំពេញសកម្មភាព ត្រូវធ្វើឡើងស្របតាមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
មន្ត្រីនគរបាលយុត្តិធម៌ត្រូវបំពេញតួនាទីតាមនីតិវិធីដូចខាងក្រោម៖
ក. ពិនិត្យ ស៊ើបអង្កេត ចោទប្រកាន់ ស៊ើបសួរ ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ
ខ. ឃាត់ខ្លួនជនល្មើសក្នុងថេរវេលា ៤៨ ម៉ោង និងមិនត្រូវលើសពី ១០ ថ្ងៃ ស្របតាមការអនុញ្ញាតពី
ព្រះរាជអាជ្ញា
គ. ប្រសិនមានប្រតិបត្តិការសង្ស័យ ត្រូវផ្អាកប្រតិបត្តិការនោះមិនលើសពី ៤៨ ម៉ោង
ឃ. ការឃាត់ទុក ឬក៏បង្កកគណនី ក៏មិនត្រូវឱ្យលើសពី ៤៨ ម៉ោងដែរ ដោយការសម្រេចពីតុលាការ
ដោយឯកឯង
ង. ការសម្ងាត់វិជ្ជាជីវៈ ពុំអាចរារាំងដល់ការអនុវត្តច្បាប់ឡើយ។
បន្ថែមពីនេះ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចលេខ ៤៩សសរ ស្តីពីការបង្កើតក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការ
ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានចែកចេញជា ៤ ក្រុម៖ (១). ទទួលខុសត្រូវនៅខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ មណ្ឌលគីរី និងក្រចេះ (២). ទទួលខុសត្រូវនៅខេត្តព្រះសីហនុ កំពត និងកោះកុង (៣). ទទួលខុសត្រូវនៅខេត្តពោធិ៍សាត់ បាត់ដំបង និងប៉ៃលិន និង (៤). ទទួលខុសត្រូវនៅខេត្តបន្ទាយមានជ័យ និងឧត្តរ
មានជ័យ។ ក្រុមការងារចម្រុះនេះ មានការចូលរួមពីក្រសួងដូចជា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធនានា ដើម្បីបំពេញសកម្មភាពចុះពិនិត្យ វាយតម្លៃ និងអនុវត្តកាតព្វកិច្ចក្នុងការបង្ក្រាបបទល្មើសដែលកើតមានក្នុងតំបន់របស់ខ្លួន ស្របតាមបទបញ្ជារបស់រាជរដ្ឋាភិបាល។
នៅក្នុង ភាគទី២ យើងខ្ញុំនឹងធ្វើការបកស្រាយពីចំណុចសំខាន់ៗបន្ថែមទៀតរបស់ ច្បាប់ស្ដីពីការប្រឆាំងការ
ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារួមមានសមិទ្ធិផលនៃការបង្កើតច្បាប់ ការពិន័យនៃបទល្មើសនីមួយៗ និងនីតិវីធីអនុវត្តជាក់ស្ដែងយោងតាមលិខិតបទដ្ឋានគតិយុត្តដែលបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា។