បច្ចុប្បន្នភាពគតិយុត្ត – ឯកសារតម្រូវសម្រាប់ការចុះបញ្ជីកែប្រែ ការរំលាយ និងលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម

ប្រកាសលេខ ១១៧ ព.ណ.ចបព.ប្រក ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការធ្វើសាមញ្ញកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្ម របស់ក្រសួងពាណិជ្ជកម្ម

ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

កន្លងមក ការកែប្រែ ការរំលាយ និងលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្មមានភាពស្មុគស្មាញ ចំណាយពេលយូរនិងថវិការច្រើន ដោយសារនីតិវិធីស្មុគស្មាញ និងប្រព័ន្ធការិយាធិបតេយ្យ។ បើទោះបីជាមានការបង្កើតប្រព័ន្ធ www.registrationservices.gov.kh ក៏ដោយ ក៏តម្រូវការឯកសារមួយចំនួននៅមានភាពស្រពិចស្រពិល និងស្មុគស្មាញតាមបទដ្ឋានគតិយុត្តផ្សេងៗគ្នា។  ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងពាណិជ្ជកម្មបានចេញ  ប្រកាសស្តីពីការធ្វើសាមញ្ញកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្ម ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ ក្នុងគោលបំណងកាត់បន្ថយនីតិវិធី និងផ្តល់ភាពច្បាស់លាស់ដល់ពាណិជ្ជករ។

១. ការចុះបញ្ជីកែប្រែសម្រាប់សហគ្រាស និងក្រុមហ៊ុន

រាល់ពាណិជ្ជករ និងក្រុមហ៊ុនពាណិជ្ជកម្មទាំងឡាយ ដែលបានចុះបញ្ជីពាណិជ្ជកម្មមានកាតព្វកិច្ចចុះបញ្ជីនូវរាល់ការផ្លាស់ប្តូរ ឬកែប្រែរបស់សហគ្រាស ឬក្រុមហ៊ុនតាមប្រព័ន្ធស្វ័យប្រវត្តកម្មដែលកំណត់ដោយក្រសួងពាណិជ្ជកម្ម។សំណុំឯកសារដែលត្រូវបញ្ចូលក្នុងប្រព័ន្ធស្វ័យប្រវត្តកម្មជាទម្រង់អេឡិចត្រូនិក មានដូចខាងក្រោម៖

ក. សំណុំឯកសារដែលត្រូវបញ្ចូលក្នុងប្រព័ន្ធស្វ័យប្រវត្តកម្មជាទម្រង់អេឡិចត្រូនិកសម្រាប់សហគ្រាស និងក្រុមហ៊ុន៖

- កំណត់ហេតុអង្គប្រជុំ ឬសេចក្តីសម្រេចរបស់ម្ចាស់ហ៊ុន

- លិខិតស្នើសុំធ្វើការផ្លាស់ប្តូរកែប្រែ

- ច្បាប់ចម្លងលិខិតគោលការណ៍ចេញពីស្ថាប័នពាក់ព័ន្ធ

- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន និងរូបថតទំហំ ៤x៦ ផ្ទៃខាងក្រោយពណ៌សរបស់ម្ចាស់ហ៊ុនថ្មី អភិបាលថ្មី ឬអ្នកតំណាងថ្មីម្នាក់ៗ

- ក្នុងករណីម្ចាស់ហ៊ុនជានីតិបុគ្គល សាមីក្រុមហ៊ុនត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖

  • ច្បាប់ចម្លងឯកសារគតិយុត្ត នៃការចុះបញ្ជីពាណិជ្ជកម្មរបស់ក្រុមហ៊ុនដើម (លក្ខន្តិកៈ និងវិញ្ញាបនបត្ររបស់ក្រុមហ៊ុន) និងសេចក្តីសម្រេចក្នុងការទិញភាគហ៊ុន និងការតែងតាំងអ្នកតំណាង (សម្រាប់ម្ចាស់ហ៊ុនថ្មីជានីតិបុគ្គល) បញ្ជាក់ដោយសារការីនៃព្រះរាជាណាចក្រកម្ពុជា ឬស្ថានទូត ឬស្ថានកុងស៊ុល ឬសភាពាណិជ្ជកម្ម បរទេសដែលទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម
  • សេចក្តីសម្រេចក្នុងការផ្ទេរ ឬការលក់ភាគហ៊ុន ដោយមានការបញ្ជាក់ដោយសារការីនៃព្រះរាជាណាចក្រកម្ពុជា ឬស្ថានទូត ឬស្ថានកុងស៊ុល ឬសភាពាណិជ្ជកម្មបរទេសដែលទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម ឬតាមរយៈការស្នើសុំបំពេញនីតិវិធីផ្ទេរ ឬលក់ភាគហ៊ុនតាមប្រព័ន្ធអនឡាញ នៅចំពោះមុខមន្ត្រីចុះបញ្ជីនៃក្រសួងពាណិជ្ជកម្ម (សម្រាប់ការផ្ទេរ ឬលក់ភាគហ៊ុនម្ចាស់ហ៊ុនជានីតិបុគ្គល)

- ការពិនិត្យសាវតាររូបវន្តបុគ្គលសម្រាប់ម្ចាស់ហ៊ុន ឬអភិបាលថ្មី សំដៅធានាការប្រឆាំងការសម្អាតប្រាក់តាម ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។

ខ. សំណុំឯកសារដែលត្រូវតម្កល់ទុកនៅក្រសួងពាណិជ្ជកម្ម៖

ក្នុងអំឡុងពេល ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទចុះបញ្ជីកែប្រែតាមប្រព័ន្ធស្វ័យប្រវត្តកម្ម ក្រុមហ៊ុន ត្រូវយកឯកសារច្បាប់ដើមមកតម្កល់នៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មមានដូចខាងក្រោម៖

-  លិខិតស្នើសុំធ្វើការផ្លាស់ប្តូរកែប្រែច្បាប់ដើម ចំនួន (២ ច្បាប់)

-  កំណត់ហេតុអង្គប្រជុំ ឬសេចក្តីសម្រេចរបស់ម្ចាស់ហ៊ុនច្បាប់ដើម ចំនួន (២ ច្បាប់)

-  ក្នុងករណីម្ចាស់ហ៊ុនជានីតិបុគ្គល សាមីក្រុមហ៊ុនត្រូវតម្កល់ឯកសារដូចខាងក្រោម៖

  • ច្បាប់ចម្លងឯកសារគតិយុត្ត នៃការចុះបញ្ជីពាណិជ្ជកម្មរបស់ក្រុមហ៊ុនដើម (លក្ខន្តិកៈ និងវិញ្ញាបនបត្ររបស់ក្រុមហ៊ុន) និងសេចក្តីសម្រេចក្នុងការទិញភាគហ៊ុន និងការតែងតាំងអ្នកតំណាង (សម្រាប់ម្ចាស់ហ៊ុនថ្មីជានីតិបុគ្គល) បញ្ជាក់ដោយសារការីនៃព្រះរាជាណាចក្រកម្ពុជា ឬស្ថានទូត ឬស្ថានកុងស៊ុល ឬសភាពាណិជ្ជកម្ម បរទេស ដែលទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម
  • សេចក្តីសម្រេចក្នុងការផ្ទេរ ឬការលក់ភាគហ៊ុន បញ្ជាក់ដោយសារការីនៃព្រះរាជាណាចក្រកម្ពុជា ឬស្ថានទូត ឬស្ថានកុងស៊ុល ឬសភាពាណិជ្ជកម្មបរទេស ដែលទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម ឬតាមរយៈការស្នើសុំ បំពេញនីតិវិធីផ្ទេរ ឬលក់ភាគហ៊ុនតាមប្រព័ន្ធអនឡាញ នៅចំពោះមុខមន្ត្រីចុះបញ្ជីនៃក្រសួងពាណិជ្ជកម្ម (សម្រាប់ការផ្ទេរ ឬលក់ភាគហ៊ុនម្ចាស់ហ៊ុនជានីតិបុគ្គល)

-  លក្ខន្តិកៈថ្មីរបស់ក្រុមហ៊ុន (ក្នុងករណីមានការកែប្រែ) ចំនួន (២ ច្បាប់)។

២.      ការរំលាយ និងការលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម

ចំពោះក្រុមហ៊ុន សហគ្រាស ដែលបានបំពេញកាតព្វកិច្ចបំណុលពន្ធតាមរយៈសវនកម្មជម្រះបញ្ជីពីអគ្គនាយកដ្ឋានពន្ធដារ ហើយទទួលបានលិខិតបញ្ជាក់ស្ដីពីការបិទក្រុមហ៊ុនជាស្ថាពររួចរាល់។ ក្រុមហ៊ុន សហគ្រាសអាចស្នើសុំបន្តនីតិវិធីរំលាយ និងលុបឈ្មោះក្រុមហ៊ុន សហគ្រាស មកក្រសួងពាណិជ្ជកម្មបាន ពីគ្រប់ទីកន្លែងតាមរយៈគេហទំព័រ www.businessregistration.moc.gov.kh

ក. សំណុំឯកសារស្តីពីសំណើសុំប្រកាសពីបំណងក្នុងការជម្រះបញ្ជី ឬរំលាយក្រុមហ៊ុន សហគ្រាស មានដូចខាងក្រោម៖

-  សំណើស្នើសុំ ចំនួន (១ ច្បាប់)

-  សេចក្តីសម្រេចសមូហភាពរបស់ម្ចាស់ហ៊ុន ចំនួន (១ ច្បាប់)

-  លិខិតបញ្ជាក់ស្ថានភាពសារពើពន្ធរបស់ក្រុមហ៊ុន ចំនួន (១ ច្បាប់)

-     លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ (គិតត្រឹមកាលបរិច្ឆេទបញ្ឈប់អាជីវកម្មជាស្ថាពរ) ចំនួន (១ ច្បាប់)។

 ខ. សំណុំឯកសារចុះបញ្ជីលើការរំលាយ និងលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម មានដូចខាងក្រោម៖

-          សំណើស្នើសុំ ចំនួន (១ ច្បាប់)

-          សេចក្តីសម្រេចសមូហភាពរបស់ម្ចាស់ហ៊ុន ចំនួន (១ ច្បាប់)

-          លិខិតបញ្ជាក់ស្ថានភាពសារពើពន្ធរបស់ក្រុមហ៊ុន ចំនួន (១ ច្បាប់)

-          របាយការណ៍ស្តីពីការជម្រះបញ្ជី រំលាយក្រុមហ៊ុន ចំនួន (១ ច្បាប់)

-          វិក្កយបត្របង់ពន្ធបន្ថែម (ប្រសិនបើមានការពិន័យនៅចំណុចទី៤) ចំនួន (១ ច្បាប់)

-          របាយការណ៍បិទបញ្ជីប្រចាំឆ្នាំ (ឆ្នាំចុងក្រោយ) ចំនួន (១ ច្បាប់)

-          លិខិតតែងតាំងសវនករ ចំនួន (១ ច្បាប់)

*  សវនករ ត្រូវតែជារូបវន្តបុគ្គល ឬនីតិបុគ្គល ដែលទទួលបានអាជ្ញាប័ណ្ណគណនេយ្យ និង/ឬសវនកម្ម ពីនិយ័តករគណនេយ្យនិងសវនកម្មនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ

-          អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនសវនករ ចំនួន (១ ច្បាប់)។

 កំណត់ចំណាំ៖ ពាណិជ្ជករ ម្ចាស់ហ៊ុន ឬអភិបាលត្រូវធានាអះអាងចំពោះរាល់ព័ត៌មាន សម្រាប់ការស្នើសុំកែប្រែ រំលាយ និងលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម ឯកសារតម្រូវដែលខ្លួនបានបំពេញ និងបញ្ចូលតាមថ្នាលបច្ចេកវិទ្យាព័ត៌មានជាទម្រង់អេឡិចត្រូនិក រួមបញ្ចូលទាំងហត្ថលេខាឌីជីថល ដែលអនុលោមស្របតាមបទប្បញ្ញត្តិជាធរមាន (ប្រសិនបើមាន) ថាពិតជាព័ត៌មាន ឯកសារត្រឹមត្រូវ និង មិនក្លែងបន្លំ។

Click to download PDF