ព័ត៌មានថ្មីៗ – ការបើកបរបណ្តាលឱ្យអ្នកដទៃស្លាប់ដោយអចេតនា
ការទទួលខុសត្រូវចំពោះការបើកបរបណ្តាលឱ្យអ្នកដទៃស្លាប់ដោយអចេតនា
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ – រាជធានីភ្នំពេញ – ព្រះរាជាណាចក្រកម្ពុជា
នៅក្នុងករណីដែលមាននូវហេតុការណ៍មួយ ដែលបុគ្គលម្នាក់បើកបរដោយខ្វះការប្រុងប្រយ័ត្ន ក្នុងល្បឿនលឿន ហើយបណ្តាលឱ្យអ្នកដទៃបាត់បង់ជីវិតជាច្រើននាក់ដោយសារការធ្វេសប្រហែសរបស់ខ្លួននោះ តើបុគ្គលដែលបានបើកបរបណ្តាលឱ្យអ្នកដទៃស្លាប់ដោយអចេតនានោះ ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌដែរឬទេ? នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញពី៖ ១. ការទទួលខុសត្រូវព្រហ្មទណ្ឌជាលក្ខណៈទូទៅ ២. ការបើកបរបណ្តាលឱ្យអ្នកដទៃស្លាប់ដោយអចេតនា។
១. អំពីការទទួលខុសត្រូវព្រហ្មទណ្ឌជាលក្ខណៈទូទៅ
ជាគោលការណ៍ បុគ្គលម្នាក់ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌ លុះត្រាតែអំពើនោះបំពេញនូវធាតុផ្សំនៃបទល្មើស រួមមានដូចជា៖ ធាតុនីត្យានុកូល (ច្បាប់ចែងថាអំពើនោះជាបទល្មើស) ធាតុសត្យានុម័ត (សកម្មភាពដែលបង្កឱ្យកើតមានបទល្មើស) និងធាតុអត្តនោម័ត (ឆន្ទៈ ឬបំណងក្នុងការប្រព្រឹត្ត)។
នៅក្នុងករណីខាងលើ បុគ្គលនោះមិនមាន «ចេតនា» ក្នុងការធ្វើឱ្យមនុស្សស្លាប់នោះទេ ដែលវាហាក់ដូចជាខ្វះធាតុអត្តនោម័ត (បំណងសម្រាប់ធ្វើឱ្យបទល្មើសកើតឡើង) ដែលយើងអាចនឹងគិតថាបុគ្គលនោះអាចរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌ (ការផ្តន្ទាទោសដាក់ពន្ធនាគារ ឬ/និងពិន័យជាប្រាក់)។ ប៉ុន្តែ នៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៩ (“ក្រមព្រហ្មទណ្ឌ”) និងច្បាប់ពិសេសផ្សេងទៀត បានចែងយ៉ាងច្បាស់ថា ចំពោះករណីដែលមានការធ្វេសប្រហែសនៅពេលបើកបរ ហើយបណ្តាលឱ្យមានមនុស្សស្លាប់ គឺមិនរួចផុតពីការទទួលខុសត្រូវ
ព្រហ្មទណ្ឌឡើយ។
២. ការបើកបរបណ្តាលឱ្យអ្នកដទៃស្លាប់ដោយអចេតនា
យោងតាម មាត្រា ៤ នៃក្រមព្រហ្មទណ្ឌ បានចែងថា៖ “ពុំមានបទល្មើសទេ ប្រសិនបើគ្មានចេតនាប្រព្រឹត្ត ប៉ុន្តែក្នុងករណីដែលច្បាប់បានចែងទុកមុន បទល្មើសមួយអាចកើតចេញពីការមិនប្រុងប្រយ័ត្ន ការខ្ជីខ្ជា ការធ្វេសប្រហែស ឬការមិនគោរពកាតព្វកិច្ចដោយឡែកណាមួយ”។ មានន័យថា ចេតនាក្នុងប្រព្រឹត្តបទល្មើសគឺសំខាន់បើគ្នានចេតនាធ្វើទេគឺមិនមានបទល្មើសទេ តែចំពោះអំពើដែលកើតចេញពីការធ្វេសប្រហែស ហើយត្រូវបានច្បាប់ចែងថាជាបទល្មើស នោះយើងមិនអាចរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌឡើយ។
ជាក់ស្តែង មាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌ បានចែងថា៖
“បទមនុស្សឃាតដោយអចេតនាគឺជាអំពើបណ្តាលឱ្យស្លាប់អ្នកដទៃដោយ៖
១. ការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬការខ្ជីខ្ជា។
២. ការបំពានលើកាតព្វកិច្ចសន្តិសុខ ឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ។បទមនុស្សឃាតដោយអចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ៦.០០០.០០០ (ប្រាំមួយលាន) រៀល។”
ឧទាហរណ៍៖ បុគ្គល «ក» បានកាន់ដែកយ៉ាងធ្ងន់លើអគារ ហើយបានទម្លាក់ដែកនោះចុះមកក្រោមដោយមិនខ្វល់ពីមនុស្សនៅខាងក្រោម។ ដែកនោះបានធ្លាក់ត្រូវបុគ្គល «ខ» បណ្តាលឱ្យស្លាប់។ ក្នុងករណីនេះ បុគ្គល «ក» ត្រូវទទួលទោសដូចបានលើកឡើងខាងលើ ទោះបីជាសកម្មភាពរបស់បុគ្គល «ក» ធ្វើឡើងដោយគ្មានចេតនាសម្លាប់ក៏ដោយ។
ចំពោះករណីបើកបរបណ្តាលឱ្យអ្នកដទៃស្លាប់យោងតាម មាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឆ្នាំ២០១៥ បានចែងថា៖“ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បបញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យអ្នកដទៃស្លាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន) ទៅ ១៥ ០០០ ០០០ (ដប់ប្រាំលាន) រៀល [...]”។
ការបើកបរបង្កឱ្យអ្នកដទៃស្លាប់ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ១០ លានរៀល ទៅ ២៥ លានរៀល ប្រសិនបើស្ថិតក្នុងស្ថានភាពណាមួយដូចខាងក្រោម៖
ក. បើកបរដោយគ្មានបណ្ណបើកបរ ឬមានបណ្ណបើកបរតែមិនត្រឹមត្រូវតាមប្រភេទយានយន្ត។
ខ. ស្ថិតក្នុងស្ថានភាពស្រវឹង (អត្រាជាតិអាកុលចាប់ពី ០,៤០ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬ ០,៨០ ក្រាមក្នុងមួយលីត្រឈាមឡើងទៅ)។
គ.បណ្តាលឱ្យមានមនុស្សស្លាប់ច្រើននាក់។
ឃ. រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេះពីការទទួលខុសត្រូវ។
ដូច្នេះ ការបើកបរបណ្តាលឱ្យមនុស្សស្លាប់ច្រើននាក់ គឺជាស្ថានទម្ងន់ទោសដែលធ្វើឱ្យអ្នកបើកបរត្រូវទទួលទោសដាក់ពន្ធនាគារពី ២(ពីរ)ឆ្នាំ ទៅ ៥(ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០(ដប់)លាន ទៅ ២៥ (ម្ភៃប្រាំ) លានរៀល។
សេចក្តីសន្និដ្ឋាន
សរុបជារួមមកការបើកបរបង្ករឱ្យអ្នកដទៃស្លាប់ដោយអចេតនានេះ គឺមិនត្រូវរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌនោះទេ។ មិនតែប៉ុណ្ណោះអំពើមួយនេះមិនត្រឹមតែមានចែងនៅក្នុងក្រមព្រហ្មទណ្ឌនោះទេ សូម្បីតែច្បាប់ពិសេសដូចជា ច្បាប់ចរាចរណ៍ផ្លូវគោក ក៏បានចែងពីទោសបញ្ញត្តិសម្រាប់អំពើនៃបទល្មើសមួយនេះផងដែរ។