ប្រកាសលេខ ១១៧ ព.ណ.ចបព.ប្រក ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការធ្វើសាមញ្ញកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្ម របស់ក្រសួងពាណិជ្ជកម្ម
ប្រកាសលេខ ១១៧ ព.ណ.ចបព.ប្រក ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការធ្វើសាមញ្ញកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្ម របស់ក្រសួងពាណិជ្ជកម្ម
ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ – រាជធានីភ្នំពេញ – ព្រះរាជាណាចក្រកម្ពុជា
កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្ម បានចេញប្រកាសលេខ ១១៧ ព.ណ.ចបព.ប្រក ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការធ្វើសាមញ្ញកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្ម («ប្រកាសលេខ ១១៧ របស់ក្រសួងពាណិជ្ជកម្ម»)។ ប្រកាសនេះ មានគោលបំណងប្រមូលផ្តុំលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់នានាទាក់ទងនឹងការងារចុះបញ្ជី ដើម្បីសម្រួលធានាបាននូវប្រសិទ្ធិភាព ភាពងាយស្រួល និងល្អប្រសើរនៃនីតិវិធីចុះបញ្ជីពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ការកែប្រែចម្បងដែលមានចែងក្នុងប្រកាសនេះ គឺជំពូកទី៩ ស្តីពីលេខាធិការក្រុមហ៊ុន ដែលបានបង្ហាញពី
ការកែប្រែដ៏សំខាន់មួយនៅក្នុងផ្នែករដ្ឋបាលនៃការចុះបញ្ជីពាណិជ្ជកម្ម និងការអនុវត្តបច្ចុប្បន្ននៅកម្ពុជា។
ហេតុអ្វីបានជាការកែប្រែនេះ មានសារៈសំខាន់?
យោងតាមច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម នស/រកម/០១២២/០០៣ ចុះថ្ងៃទី២៩
ខែមករា ឆ្នាំ២០២២ ច្បាប់នេះបានបង្កើតនូវតួនាទីមួយគឺ លេខាធិការរបស់ក្រុមហ៊ុន។ ប៉ុន្តែច្បាប់នេះ ពុំទាន់បានបញ្ជាក់ និងកំណត់ច្បាស់លាស់នូវនិយមន័យ គុណវុឌ្ឍិ នីតិវិធីតែងតាំង ឬកាតព្វកិច្ចរបស់លេខាធិការ
ក្រុមហ៊ុននៅឡើយនោះទេ។
យោងតាមប្រកាសលេខ ១១៧ របស់ក្រសួងពាណិជ្ជកម្ម បានកំណត់បង្ហាញចំណោទបញ្ហាខាងលើ
ដើម្បីបញ្ជាក់លម្អិតអំពីគុណវុឌ្ឍិ តួនាទី និងកាតព្វកិច្ចរបស់លេខាធិការក្រុមហ៊ុនឱ្យកាន់តែជាក់ច្បាស់។
តើអ្វីទៅដែលបានកែប្រែថ្មី?
លេខាធិការក្រុមហ៊ុន ដែលបានចែងក្នុងប្រកាសថ្មីនេះ ពុំមែនត្រឹមតែសំដៅដល់រូបវន្តបុគ្គលប៉ុណ្ណោះទេ
តែលេខាធិការក្រុមហ៊ុនក៏អាចជានីតិបុគ្គលបានដែរ។ បន្ថែមពីនេះ ដើម្បីក្លាយជាលេខាធិការក្រមហ៊ុន ពុំមែនត្រឹមតែទទួលបានការតែងតាំងពីក្រុមហ៊ុនផ្ទាល់ដូចមុននោះឡើយ រូបវន្តបុគ្គល ឬក៏នីតិបុគ្គលនោះតម្រូវឱ្យមាន
ការឆ្លងកាត់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ការទទួលស្គាល់នីតិសម្បទា និងការបញ្ជាក់ពីក្រសួងពាណិជ្ជកម្ម។
លេខាធិការក្រុមហ៊ុនជារូបវន្តបុគ្គលតម្រូវឱ្យបំពេញលក្ខខណ្ឌគុណវុឌ្ឍិដូចខាងក្រោម៖
- ត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រ ឬខ្ពស់ជាងនេះទាក់ទងនឹងផ្នែកច្បាប់ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម គណនេយ្យ ឬជំនាញប្រហាក់ប្រហែល
- មានបទពិសោធន៍ការងារផ្នែកច្បាប់ច្បាប់ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម គណនេយ្យ ឬជំនាញប្រហាក់ប្រហែល យ៉ាងតិច ២ (ពីរ) ឆ្នាំ
- មានទីលំនៅអចិន្ត្រៃយ៍នៅព្រះរាជាណាចក្រកម្ពុជា
- ទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈលេខាធិការក្រុមហ៊ុនពីក្រសួងពាណិជ្ជកម្ម
- ទទួលបាននីតិសម្បទាជាលេខាធិការក្រុមហ៊ុនពីក្រសួងពាណិជ្ជកម្ម
- បង់ប្រាក់តម្កល់ ធានាកាតព្វកិច្ចចំនួន ៤,០០០,០០០ (បួនលាន) រៀល។
លេខាធិការក្រុមហ៊ុនជានីតិបុគ្គលតម្រូវឱ្យបំពេញលក្ខខណ្ឌគុណវុឌ្ឍិដូចខាងក្រោម៖
- ជាក្រុមហ៊ុនដែលបានចុះបញ្ជីស្របច្បាប់នៅព្រះរាជាណាចក្រកម្ពុជា ដែលមានអាជីវកម្មជាអ្នកផ្តល់
សេវាកម្មលេខាធិការក្រុមហ៊ុន រួមមាន ក្រុមហ៊ុនមេធាវី ការិយាល័យមេធាវី ក្រុមហ៊ុនសវនកម្ម ក្រុមហ៊ុនគណនេយ្យ ឬក្រុមហ៊ុនដទៃទៀតដែលបម្រើសេវាកម្មប្រហាក់ប្រហែល
- ទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈលេខាធិការក្រុមហ៊ុនពីក្រសួងពាណិជ្ជកម្ម
- ទទួលបាននីតិសម្បទាជាលេខាធិការក្រុមហ៊ុនពីក្រសួងពាណិជ្ជកម្ម
- មានបុគ្គលិកជាលេខាធិការក្រុមហ៊ុនឈរឈ្មោះតំណាង ទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម
- បង់ប្រាក់តម្កល់ ធានាកាតព្វកិច្ចចំនួន ៤០,០០០,០០០ (សែសិបលាន) រៀល។
ក្រៅពីការបំពេញលក្ខខណ្ឌគុណវុឌ្ឍិខាងលើ លេខាធិការក្រុមហ៊ុនតម្រូវឱ្យឆ្លងកាត់វគ្គបណ្តុះបណ្តាលវិជា្ជជីវៈ ប្រឡងជាប់ជាស្ថាពរ និងទទួលស្គាល់នីតិសម្បទាដោយក្រសួងពាណិជ្ជកម្មដូចខាងក្រោម៖
- វគ្គបណ្តុះបណ្តាល នឹងត្រូវរៀបចំឡើង ១ (មួយ) ឆ្នាំម្តង ដោយក្រសួងពាណិជ្ជកម្ម ដែលមានវគ្គបណ្តុះបណ្តាលបឋម (វគ្គក្រឹតការ) និងវគ្គបណ្តុះបណ្តាលបន្តបន្ទាប់ (វគ្គសុក្រឹតការ)
- បន្ទាប់ពីការបញ្ចប់វគ្គបណ្តុះបណ្តាល សិក្ខាកាមតម្រូវចូលរួមការប្រឡងបញ្ចប់នៃវគ្គបណ្តុះបណ្តាល
- បន្ទាប់ពីការប្រឡងជាប់ជាស្ថាពរ បេក្ខជនតម្រូវឱ្យដាក់ពាក្យស្នើសុំនីតិសម្បទាជាលេខាធិការក្រុមហ៊ុនទៅក្រសួងពាណិជ្ជកម្ម
- សុពលភាពនៃលេខាធិការក្រុមហ៊ុននីមួយៗ មានរយៈពេល ៣ (បី) ឆ្នាំ។
លេខាធិការក្រុមហ៊ុនត្រូវមានកាតព្វកិច្ច និងតួនាទី
- រៀបចំរបៀបវារៈនៃកិច្ចប្រជុំ និងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល កិច្ចប្រជុំមហាសន្និបាទម្ចាស់ហ៊ុន
- ធ្វើកំណត់ហេតុលើសេចក្តីសម្រេចរបស់ម្ចាស់ហ៊ុន និងក្រុមប្រឹក្សាភិបាល កំណត់ហេតុនៃសន្និបាតម្ចាស់ហ៊ុន និងសន្និបាតក្រុមប្រឹក្សាភិបាល
- រក្សាទុកបញ្ជីគណនេយ្យ របាយការណ៍ហិរញ្ញវត្ថុ និងកំណត់ហេតុរបស់ក្រុមហ៊ុនដោយប្រុងប្រយ័ត្ន
- ទទួលដីកាអញ្ជើញ ដីការកោះពីតុលាការ តំណាងឱ្យក្រុមហ៊ុន
- ប្រគល់ និងទទួលរាល់លិខិតផ្លូវការនានា និងឯកសារទាំងឡាយដែលតម្រូវដោយច្បាប់ តំណាងឱ្យ
ក្រុមហ៊ុន
- ពិនិត្យ និងសម្រង់គ្រប់ឯកសារដែលបានចែងរបស់ក្រុមហ៊ុន ក្នុងម៉ោងធ្វើការធម្មតា ដោយមិនគិតថ្លៃ
- ត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ នៅក្នុងម៉ោងធ្វើការធម្មតារបស់ក្រុមហ៊ុន និងអាចដកស្រង់យករបាយការណ៍នោះ
- ផ្តល់ព័ត៌មាន ការបកស្រាយបំភ្លឺ និងបញ្ជីគណនេយ្យ របាយការណ៍ហិរញ្ញវត្ថុ និងកំណត់ហេតុទាំងឡាយ តាមការស្នើសុំរបស់សវនករក្រុមហ៊ុន
- ធ្វើលិខិតស្នាម ឬកិច្ចសន្យា ក្នុងនាមក្រុមហ៊ុន ទោះបីគ្មានត្រាសម្គាល់ក្រុមហ៊ុន
- រៀបចំកិច្ចការរវាងម្ចាស់ហ៊ុន និងម្ចាស់ហ៊ុន និងក្រុមប្រឹក្សាភិបាល រួមទាំងកិច្ចការទំនាក់ទំនងរវាង
ក្រុមហ៊ុន និងវិនិយោគិនថ្មីៗ
- ធ្វើបច្ចុប្បន្នកម្មនៃការវិវត្តរបស់ច្បាប់ បទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងអាជីវកម្ម និងកាតព្វកិច្ច
ដើម្បីធានាបាននូវអនុលោមភាពរបស់ក្រុមហ៊ុន និងអភិបាលកិច្ចក្រុមហ៊ុន
- សម្របសម្រួលការប្រាស្រ័យទាក់ទងរវាងក្រុមប្រឹក្សាភិបាល និងម្ចាស់ហ៊ុន
- សម្របសម្រួលការប្រាស្រ័យទាក់ទងរវាងក្រុមហ៊ុន និងក្រសួង-ស្ថាប័នមានសមត្ថកិច្ច។
ការលុបចោលនីតិសម្បទាជាលេខាធិការក្រុមហ៊ុន
- សុំបញ្ចប់ការទទួលស្គាល់ជាលេខាធិការក្រុមហ៊ុនដោយខ្លួនឯង
- ទទួលបាននីតិសម្បទាជាលេខាធិការក្រុមហ៊ុន ដោយមធ្យោបាយក្លែងបន្លំណាមួយ
- លែងមានទីលំនៅអចិន្ត្រៃយ៍ ឬទីតាំងប្រកបអាជីវកម្ម ឬការងារ ឬត្រូវបានលុបឈ្មោះចេញពី
បញ្ជីពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា
- ធ្វើឱ្យខូចប្រយោជន៍ធ្ងន់ធ្ងរដល់ក្រុមហ៊ុន ឬបុគ្គលពាក់ព័ន្ធ
- បាត់បង់សមត្ថភាព ឬទទួលមរណភាព។
លេខាធិការក្រុមហ៊ុនទាំងឡាយ ដែលខកខានក្នុងការបំពេញកាតព្វកិច្ច និងតួនាទីរបស់ខ្លួនដោយពុំមាន
មូលហេតុត្រឹមត្រូវ នឹងត្រូវទទួលខុសត្រូវផ្នែកទណ្ឌកម្មរដ្ឋបាលនៅចំពោះមុខក្រសួងពាណិជ្ជកម្ម និងទទួលខុសត្រូវផ្នែករដ្ឋប្បវេណីចំពោះមុខបុគ្គលពាក់ព័ន្ធទាំងអស់។
មតិយោបល់អ្នកជំនាញ
ប្រកាសលេខ ១១៧ របស់ក្រសួងពាណិជ្ជកម្មបានកំណត់បង្ហាញនូវការបោះជំហានដ៏សំខាន់មួយរបស់ក្រសួង ក្នុងកំណែទម្រង់រដ្ឋបាលនៃសាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ ការបង្កើតនូវនិយមន័យជាក់ច្បាស់ គុណវុឌ្ឍនីតិសម្បទា និងកាតព្វកិច្ចទំនួលខុសត្រូវរបស់លេខាធិការក្រុមហ៊ុននេះ បានក្លាយជាចំណែកមួយក្នុងការធានាបានថា តួនាទីនេះពុំមែនត្រឹមតែជាឈ្មោះតំណាង ឬបង្កើតឡើងដោយផ្ទៃក្នុងរបស់ក្រុមហ៊ុននោះឡើយ។
ការទាមទារតម្រូវឱ្យមានការឆ្លងកាត់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ការប្រឡងជាប់ជាស្ថាពរ និងការទទួលស្គាល់នីតិសម្បទាពីក្រសួង បានលើកកម្ពស់តួនាទីជាលេខាធិការក្រុមហ៊ុនឱ្យមានអនុលោមភាពតាមច្បាប់ ប្រកបដោយវិជ្ជាជីវៈ ពង្រឹងផ្នែករដ្ឋបាលនៃក្រុមហ៊ុន កាត់បន្ថយនូវវិវាទខាងមុខ និងបង្កើនទំនុកចិត្តដល់ប្រជាជន។
កំណែទម្រង់នេះ នឹងជាចំណែកដ៏សំខាន់មួយក្នុងការពង្រឹងវិស័យអាជីវកម្មឱ្យកាន់តែប្រកបដោយវិជ្ជាជីវៈ ធានាបានថាក្រុមហ៊ុននីមួយៗមានលេខាធិការដែលមានគុណវុឌ្ឍិ មានទំនួលខុសត្រូវជាកច្បាស់ និងតែងតាំងឡើងស្របតាមប្រព័ន្ធគតិយុត្ត ជាជាងបង្កើតឡើងដោយពុំមានការកំណត់ច្បាស់លាស់។