ប្រកាសលេខ ១១៧ ព.ណ.ចបព.ប្រក ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការធ្វើសាមញ្ញកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្ម របស់ក្រសួងពាណិជ្ជកម្ម៖ ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំសម្រាប់សហគ្រាសពាណិជ្ជកម្ម

ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្ម បានចេញប្រកាសលេខ ១១៧ ព.ណ.ចបព.ប្រក ស្តីពីការធ្វើសាមញ្ញកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្ម (“ប្រកាស”)។ ប្រកាសនេះបានប្រមូលផ្តុំ និងបញ្ជាក់បន្ថែមដល់បទដ្ឋានគតិយុត្តផ្សេងទៀតសម្រាប់ការចុះបញ្ជីអាជីវកម្ម។ គោលបំណងសំខាន់របស់ប្រកាសនេះគឺ ដើម្បីបង្កើនប្រសិទ្ធភាព ភាពងាយស្រួលក្នុងការចូលដំណើរការ និងប្រសិទ្ធផលនៃនីតិវិធីចុះបញ្ជីអាជីវកម្មនៅកម្ពុជា។

ជាក់ស្តែង, ក្នុងជំពូកទី ៨ នៃប្រកាសនេះបានកំណត់អំពីកាតព្វកិច្ចទាក់ទងនឹងការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ។ រាល់ក្រុមហ៊ុនទាំងអស់ សាខាក្រុមហ៊ុនបរទេស និងការិយាល័យតំណាងក្រុមហ៊ុនបរទេស ដែលបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ត្រូវតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំអំពីស្ថានភាពប្រតិបត្តិការរបស់ខ្លួន។ ប្រកាសនេះត្រូវដាក់ស្នើតាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងពាណិជ្ជកម្ម។

បន្ថែមពីនេះ, ក្រសួងពាណិជ្ជកម្មក៏បានចេញសេចក្តីជូនដំណឹងស្តីពី ការលើកលែងពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំតាមរយៈការពិន័យ ១ឆ្នាំចុងក្រោយ (“សេចក្តីជូនដំណឹង”) ដើម្បីលើកទឹកចិត្តក្រុមហ៊ុនឱ្យដាក់ពាក្យស្នើសុំតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំឡើងវិញ។ សេចក្តីជូនដំណឹងនេះបានកំណត់គោលនយោបាយ លើកលែងពិន័យក្រោមលក្ខខណ្ឌដូចខាងក្រោម៖ ១. ក្រុមហ៊ុនត្រូវបង់ប្រតិវេទន៍រយៈពេល ១ឆ្នាំចុងក្រោយ នៅក្រសួងពាណិជ្ជកម្មក្នុងអំឡុងពេល ៦០ថ្ងៃនៃថ្ងៃធ្វើការ ដោយគិតចាប់ពីថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៦ និង ២. ក្រុមហ៊ុនត្រូវចូលរួមក្នុងដំណើរការពិនិត្យាសាវតារបស់ម្ចាស់ភាគហ៊ុន (Background Check) ដើម្បីរួមចំណែកក្នុងការពង្រឹងការងារប្រយុទ្ធប្រឆាំងការលាងសម្អាតប្រាក់។ ដូចនេះ អត្ថបទខាងក្រោមនេះ នឹងសម្រាយជូនអំពី៖ ១. ឯកសារដែលត្រូវការសម្រាប់ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំសម្រាប់សហគ្រាសពាណិជ្ជកម្ម, ២. រយៈពេលអនុគ្រោះ និងផលវិបាកសម្រាប់ក្រុមហ៊ុនដែលមិនបានដាក់ស្នើប្រកាសប្រចាំឆ្នាំ និង ៣. ពិន័យសម្រាប់ក្រុមហ៊ុនដែលមិនបានដាក់ស្នើប្រកាសប្រចាំឆ្នាំតាមពេលកំណត់។

 

១. តើឯកសារតម្រូវមានអ្វីខ្លះ?

ព័ត៌មាន និងសំណុំឯកសារសម្រាប់ការតម្កល់ប្រតិវេទន៍ដែលត្រូវបញ្ចូលនៅក្នុងប្រព័ន្ធស្វ័យប្រវត្តកម្មរបស់ក្រសួងពាណិជ្ជកម្មតាមគេហទំព័រ www.businessregistration.moc.gov.kh និងមានទម្រង់ដូចខាងក្រោម៖

ក. ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ សម្រាប់ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ក្រុមហ៊ុនសហកម្មសិទ្ធិ សាខាក្រុមហ៊ុនបរទេស និងការិយាល័យតំណាងក្រុមហ៊ុនបរទេស៖

១. លេខអត្តសញ្ញាណកម្មសារពើពន្ធ

២. កាលបរិច្ឆេទចុះបញ្ជីសារពើពន្ធ

៣. ប័ណ្ណពន្ធប៉ាតង់នៃឆ្នាំដែលត្រូវប្រកាសប្រតិវេទន៍សម្រាប់រាល់សកម្មភាពអាជីវកម្មដែលកំពុងមានប្រតិបត្តិការ

៤. ចំនួនបុគ្គលិក និងឯកសារភ្ជាប់ ស្តីពីតួនាទីនិយោជិកជាក់ស្តែង

៥. អ៊ីមែល និងលេខទូរសព្ទក្រុមហ៊ុន ដែលកំពុងប្រើប្រាស់

ខ. ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ សម្រាប់ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត៖

១. លេខអត្តសញ្ញាណកម្មសារពើពន្ធ

២. កាលបរិច្ឆេទចុះបញ្ជីសារពើពន្ធ

៣. ប័ណ្ណពន្ធប៉ាតង់នៃឆ្នាំដែលត្រូវប្រកាសប្រតិវេទន៍សម្រាប់រាល់សកម្មភាពអាជីវកម្មដែលកំពុងមានប្រតិបត្តិការ

៤. ចំនួនបុគ្គលិក និងឯកសារភ្ជាប់ស្ដីពីតួនាទីនិយោជិក

៥. អ៊ីមែល និងលេខទូរសព្ទក្រុមហ៊ុនដែលកំពុងប្រើប្រាស់

៦. របាយការណ៍ហិរញ្ញវត្ថុ និងបញ្ជីម្ចាស់ហ៊ុន

 

២. តើរយៈពេលនៃការអនុគ្រោះលើការពិន័យ និងផលវិបាកនៃការមិនតម្កល់ប្រតិវេទន៍មានអ្វីខ្លះ?

រាល់បណ្តាក្រុមហ៊ុន សាខាក្រុមហ៊ុនបរទេស និងការិយាល័យតំណាងនៃក្រុមហ៊ុនបរទេស ត្រូវបានកំណត់ឱ្យ  បំពេញកាតព្វកិច្ចក្នុងការតម្កល់ប្រតិវេទន៍ជារៀងរាល់ឆ្នាំ។ ក្រុមហ៊ុន សាខាក្រុមហ៊ុនបរទេស និងការិយាល័យតំណាងនៃក្រុមហ៊ុនបរទេសតម្រូវឱ្យតម្កល់ប្រតិវេទន៍ក្នុងអំឡុងពេលមុន ៣(បី) ខែនៃថ្ងៃខួបកាលបរិច្ឆេទចុះបញ្ជីពាណិជ្ជកម្មរបស់ខ្លួននីមួយៗ។

ក្នុងករណីក្រុមហ៊ុន សាខាក្រុមហ៊ុនបរទេស និងការិយាល័យតំណាងនៃក្រុមហ៊ុនបរទេសខកខានមិនបានបំពេញ កាតព្វកិច្ចតម្កល់ប្រតិវេទន៍ក្នុងរយៈពេលដែលបានកំណត់ខាងលើក្រសួងនឹងអនុគ្រោះដោយទុករយៈពេលចំនួន ១៥ (ដប់ប្រាំ) ថ្ងៃបន្ថែមទៀត សម្រាប់ការតម្កល់ប្រតិវេទន៍។

 

៣. តើនឹងមានផលវិបាកអ្វីខ្លះនៃការមិនបានតម្កល់ប្រតិវេទន៍ទាន់ពេលវេលា?

ក្រុមហ៊ុន សាខាក្រុមហ៊ុនបរទេស និង ការិយាល័យតំណាងក្រុមហ៊ុនបរទេស ទាំងឡាយណា ដែលខកខាន មិនបានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំត្រឹមថ្ងៃផុតកំណត់នឹងត្រូវទួលការផាកពិន័យជាទឹកប្រាក់ចំនួន ២,០០០,០០០ (ពីរលាន) រៀល

ក្នុងករណី ក្រុមហ៊ុន សាខាក្រុមហ៊ុនបរទេស និង ការិយាល័យតំណាង ក្រុមហ៊ុនបរទេស ដែលខកខានមិនបានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំចាប់ពី១ (មួយ) ឆ្នាំឡើងទៅនឹងត្រូវបង់ប្រាក់ពិន័យព្រមទាំងបង់កម្រៃសេវាប្រតិវេទន៍ប្រចាំឆ្នាំទៅតាមចំនួន ឆ្នាំដែលខកខាន។

ក្នុងករណីក្រុមហ៊ុន សាខាក្រុមហ៊ុនបរទេស និងការិយាល័យតំណាងក្រុមហ៊ុនបរទេស ខកខានមិនបានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំចាប់ពី ៣ (បី) ឆ្នាំជាប់គ្នា នឹងត្រូវចាត់ទុកជាក្រុមហ៊ុនអកម្ម

ម្ចាស់ហ៊ុន និងអភិបាលនៃក្រុមហ៊ុនអកម្ម ត្រូវជាប់នៅក្នុងបញ្ជីប្រុងប្រយ័ត្ន ដែលមិនអនុញ្ញាតឱ្យទទួលបាននូវការបម្រើសេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម រួមមាន ការស្នើសុំចុះបញ្ជីបង្កើតក្រុមហ៊ុនពាណិជ្ជកម្ម ការស្នើសុំចុះបញ្ជីនូវរាល់ការផ្លាស់ប្ដូរ និងកែប្រែផ្សេងៗរបស់ក្រុមហ៊ុន។

ក្រុមហ៊ុនអកម្ម អាចជាកម្មវត្ថុក្នុងការបន្តនីតិវិធីលើការរំលាយ និងលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្មតាមច្បាប់ជាធរមានបន្ទាប់ពីបានបំពេញកាតព្វកិច្ចបំណុលពន្ធតាមរយៈសវនកម្មជម្រះបញ្ជីពីអគ្គនាយកដ្ឋានពន្ធដារ ហើយទទួលបានលិខិតបញ្ជាក់ស្ដីពីការបិទក្រុមហ៊ុនជាស្ថាពររួចរាល់។

Click to download PDF